នៅក្នុងប្រទេសកម្ពុជា ពិការភាព ឬអសមត្ថភាពផ្នែកអភិវឌ្ឍន៍លូតលាស់ដ៏ស្មុគស្មាញ ឬអូទីស្សឹម ជារឿយៗត្រូវបានគេធ្វើរោគវិនិច្ឆ័យខុស ឬសន្មតថាមកពីកត្តាវប្បធម៌ ដែលផ្តល់ការលំបាកដល់បុគ្គលស្ថិតក្នុងស្ថានភាពនេះទទួលបានការគាំទ្រដែលសមស្រប។ ការមើលងាយ និងការយល់ខុសលើស្ថានភាពអូទីស្សឹមបណ្តាលឱ្យមានការដាច់ចេញពីសង្គម ក៏ដូចជាមិនមានការទទួលស្គាល់ បង្កទៅជាបញ្ហាប្រឈមបន្ថែមពីលើអ្វីដែលពួកគេកំពុងជួបប្រទះ។
បញ្ហាប្រឈមដែលបុគ្គលអូទីស្សឹមនៅក្នុងប្រទេសកម្ពុជាកំពុងជួបប្រទះ
ការទទួលសេវាកម្មធ្វើរោគវិនិច្ឆ័យ ក៏ដូចជាកម្មវិធីអន្តរាគមន៍មិនបានទាន់ពេលវេលា អាចជាការរាំងស្ទះដល់ការអភិវឌ្ឍន៍ជំនាញ និងប្រព័ន្ធជំនួយចាំបាច់សម្រាប់បុគ្គលអូទីស្សឹម ។ លើសពីនេះ កង្វះអ្នកជំនាញដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ និងកន្លែងអប់រំឯកទេស អាចបង្កជាការលំបាកសម្រាប់ពួកគេក្នុងការទទួលបានការសិក្សាអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបានគ្រប់គ្រាន់។
ឱកាសក្នុងបរិយាបន្នសង្គម និងការគាំទ្រ
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏មានសញ្ញារីកចម្រើនគួរឱ្យកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការជួយគាំទ្រដល់បុគ្គលអូទីស្សឹម។ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការក្នុងការលើកកម្ពស់ការយល់ដឹងអំពីអូទីស្សឹម និងជម្រុញឱ្យមានការអនុវត្តការអប់រំបរិយាបន្ន។ លើសពីនេះ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនកំពុងធ្វើការផ្តល់សេវាសំខាន់ៗ ដូចជាការវាយតម្លៃរោគវិនិច្ឆ័យ កម្មវិធីអន្តរាគមន៍ទាន់ពេលវេលា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
ការផ្តល់សិទ្ធិអំណាចដល់សហគមន៍អូទីស្សឹម
ការផ្តល់សិទ្ធិអំណាចដល់បុគ្គលអូទីស្សឹម និងក្រុមគ្រួសាររបស់ពួកគេពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើតនូវសង្គមបរិយាបន្នមួយកាន់ទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ការផ្តល់សិទ្ធិអំណាចដល់សហគមន៍នេះអាចសម្រេចទៅបានតាមរយៈ៖
- ការធ្វើរោគវិនិច្ឆ័យ និងអន្តរាគមន៍ទាន់ពេលវេលា៖ ការកំណត់អត្តសញ្ញាណអូទីស្សឹមបានឆាប់រហ័សអាចជួយ ឱ្យមានការអន្តរាគមន៍ និងការគាំទ្របានទាន់ពេលវេលា បង្កើនសក្តានុពលរបស់បុគ្គលសម្រាប់ការអភិវឌ្ឍន៍។
- ការទទួលបានការអប់រំដែលសមស្រប៖ ការផ្តល់ឱកាសអប់រំបរិយាបន្ន ធានាថាបុគ្គលអូទីស្សឹមទទួលបានការគាំទ្រ និងការរៀបចំសមស្របដែលពួកគេត្រូវការ ដើម្បីភាពរីកចម្រើនក្នុងការសិក្សា និងសង្គម។
- ការយល់ដឹង និងការអប់រំអំពីសហគមន៍ ៖ ការលុបបំបាត់ជំនឿខុសឆ្គង និងការយល់ខុសលើអូទីស្សឹម ជំរុញឱ្យមានការយល់ដឹង និងបរិយាកាសទទួលយកបុគ្គលដែលកំពុងស្ថិតក្នុងស្ថានភាពនេះកាន់តែល្អប្រសើរ។
- ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងឱកាសការងារ៖ ការបំពាក់បំប៉នបុគ្គលអូទីស្សឹមនូវជំនាញវិជ្ជាជីវៈ និងការផ្តល់នូវឱកាសការងារ គឺជាការលើកកម្ពស់ឯករាជ្យភាព និងការចូលរួមចំណែកក្នុងសេដ្ឋកិច្ចរបស់ពួកគេ។
- ក្រុមគាំទ្រ និងការតស៊ូមតិ៖ ការបង្កើតក្រុមគាំទ្រ និងការតស៊ូមតិសម្រាប់សិទ្ធិរបស់បុគ្គលអូទីស្សឹម ពិតជា
ផ្តល់នូវសិទ្ធិអំណាចឱ្យពួកគេបានបញ្ចេញសម្លេងដើម្បីបង្ហាញពីតម្រូវការ និងការចូលរួមយ៉ាងសកម្មក្នុងការរៀបចំអនាគតរបស់ពួកគេ។
ការសិក្សាពីពិការភាព ឬអសមត្ថភាពប្រព័ន្ធប្រសាទដ៏ស្មុគស្មាញរបស់អូទីសឹ្សមក្នុងប្រទេសកម្ពុជា ទាមទារវិធីសាស្រ្តច្រើនយ៉ាង ដែលតម្រូវឱ្យមានការចូលរួមសហការរវាងគ្រួសារ អ្នកអប់រំ អ្នកជំនាញថែទាំសុខភាព និងសហគមន៍ដ៏ទូលំទូលាយមួយ។ តាមរយៈការជំរុញឱ្យមានបរិយាបន្នសង្គម និងការគាំទ្រកាន់តែច្រើន យើងអាចផ្តល់កម្លាំងជម្រុញដល់បុគ្គលអូទីស្សឹម ដើម្បីឱ្យពួកគេសម្រេចបាននូវសក្តានុពលយ៉ាងពេញលេញ និងចូលរួមចំណែកជួយដល់សង្គមកម្ពុជាប្រកបដោយអត្ថន័យ។
Leave A Comment