អូទីស្សឹម ជាលក្ខខណ្ឌនៃការអភិវឌ្ឍន៍ប្រព័ន្ធប្រសាទដែលជះឥទ្ធិពលលើទំនាក់ទំនងសង្គម អាកប្បកិរិយា និងដំណើរការញាណរបស់មនុស្សម្នាក់។ ខណៈពេលដែលអត្រាពិតប្រាកដនៃអូទីស្សឹមនៅកម្ពុជានៅមិនទាន់ដឹងជាក់លាក់នៅឡើយ ការប៉ាន់ប្រមាណបង្ហាញថាអូទីស្សឹមប៉ះពាល់ប្រហែលជា 1ភាគរយនៃចំនួនប្រជាជន ធៀបទៅនឹងអត្រាពិភពលោក។ ទោះបីយ៉ាងណាក៏ដោយ ដោយសារធនធាន និងការយល់ដឹងមានកម្រិត មានករណីអូទីស្សឹមជាច្រើនដែលគេជឿថាមិនបានទទួលការធ្វើរោគវិនិច្ឆ័យ ឬទទួលបានការគាំទ្រមិនគ្រប់គ្រាន់។
មកយល់ឱ្យកាន់តែច្បាស់អំពីមូលហេតុដែលការលើកកម្ពស់ការយល់ដឹងអំពីអូទីស្សឹមនៅកម្ពុជាមានពិតជាមានសារៈសំខាន់៖
- ជួយបង្កើនការវិនិច្ឆ័យរោគសញ្ញាបានប្រសើរ និងការអន្តរាគមន៍ទាន់ពេលវេលា៖ ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា មុនអាយុ 3 ឆ្នាំ ពិតជាមានសារៈសំខាន់សម្រាប់ការបង្កើនសក្តានុពលរបស់កុមារ។ ជាមួយនឹងអន្តរាគមន៍ត្រឹមត្រូវ កុមារដែលមានអូទីស្សឹម អាចអភិវឌ្ឍជំនាញទំនាក់ទំនងសំខាន់ៗ សង្គម និងការយល់ដឹង។ ការបង្កើនការយល់ដឹងអាចជំរុញឱ្យឪពុកម្តាយ និងអ្នកថែទាំអាចស្វែងរកការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ ប្រសិនបើពួកគេសង្កេតឃើញការ ការអភិវឌ្ឍន៍ដែលមានភាពយឺតយ៉ាវ ឬអាកប្បកិរិយាដែលប្រក្រតីរបស់កូន។ កត្តាទាំងនេះជួយឱ្យមានការធ្វើរោគវិនិច្ឆ័យបានឆាប់ និងទទួលបានការអន្តរាគមន៍ដែលចាំបាច់។
- ជួយកាត់បន្ថយការមើលងាយ និងបង្កើននូវបរិយាបន្នសង្គម៖ ជារឿងគួរឱ្យសោកស្តាយ កង្វះការយល់ដឹង
ជារឿយៗបាននាំទៅរកការរើសអើង និងការមើលងាយចំពោះអូទីស្សឹម ។ បុគ្គលអូទីស្សឹម អាចត្រូវបានគេរារាំង ឬមានការយល់ច្រឡំ ដោយសារតែអន្តរកម្មសង្គម និងអាកប្បកិរិយាពិសេសរបស់ពួកគេ។ ការបង្កើនការយល់ដឹងអាចបំបាត់នូវជំនឿខុសឆ្គង និងការយល់ខុសចំពោះអូទីស្សឹម ក៏ដូចជាជម្រុញការយោគយល់ដល់ពួកគេកាន់តែខ្លាំង និងមានការរួមបញ្ចូលពួកគេនៅក្នុងសង្គម។ នេះអាចបង្កើតបរិយាកាសគាំទ្របន្ថែមទៀត ដែលបុគ្គលអូទីស្សឹមអាចទទួលបានភាពរីកចម្រើនបាន។ - ជួយបង្កើនលទ្ធភាពទទួលបាននូវសេវាគាំទ្រ៖ បច្ចុប្បន្នកម្ពុជាប្រឈមនឹងការខ្វះខាតអ្នកជំនាញដែលមានសមត្ថភាពដែលទទួលបានបណ្តុះបណ្តាលក្នុងការកំណត់អត្តសញ្ញាណ និងគាំទ្របុគ្គលអូទីស្សឹម ។
ការព្យាបាលការនិយាយ ការព្យាបាលដោយការងារ និងការវិភាគឥរិយាបថអនុវត្តទាំងអស់ ជាការអន្តរាគមន៍ដ៏សំខាន់ ប៉ុន្តែសេវាកម្មនេះនៅមានកម្រិតនៅឡើយ ជាពិសេសនៅតំបន់ជនបទ។ ការយល់ដឹងកាន់តែច្រើនអំពីអូទីស្សឹមនាំឱ្យមានការកើនឡើងនៃតម្រូវការសម្រាប់សេវាកម្មអន្តរាគមន៍ទាំងនេះ ដែលសេវាកម្មនេះពិតជាជួយជម្រុញឱ្យមានការវិនិយោគនៅក្នុងកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកលទ្ធភាពទទួលបានការគាំទ្រនៅទូទាំងប្រទេស។ - ជួយផ្តល់កម្លាំងបន្ថែមដល់គ្រួសារ៖ គ្រួសាររបស់បុគ្គលអូទីស្សឹម ជានិច្ចកាល ប្រឈមមុខនឹងបញ្ហាសំខាន់ៗ ដូចជា ភាពតានតឹងផ្លូវអារម្មណ៍ ភាពឯកោក្នុងសង្គម និងបញ្ហាផ្នែកហិរញ្ញវត្ថុ។ យុទ្ធនាការនៃការលើកកម្ពស់ការរយល់ដឹងអំពីបញ្ហានេះអាចផ្សារភ្ជាប់គ្រួសារបុគ្គលអូទីស្សឹមជាមួយក្រុមគាំទ្រ និងធនធានអប់រំ ក៏ដូចជាផ្តល់សិទ្ធអំណាចឱ្យពួកគេតស៊ូមតិបង្ហាញពីតម្រូវការពិសេសរបស់មនុស្សជាទីស្រឡាញ់ និងការស្វែងរកប្រព័ន្ធថែទាំសុខភាពឱ្យកាន់តែមានប្រសិទ្ធភាព។
- ជំរុញឱ្យមានសង្គមបរិយាបន្នកាន់តែច្រើន៖ សង្គមដែលយល់ដឹងពីអូទីស្សឹម ជាសង្គមដែលមានបរិយាកាសរួមបញ្ចូលកាន់តែច្រើន។ តាមរយៈការបង្កើនការយល់ដឹង យើងអាចលើកកម្ពស់នូវការទទួលយក និងការគោរពដល់ភាព ចម្រុះរបស់បុគ្គលអូទីស្សឹម ដែលកត្តាទាំងនេះពិតជាជម្រុញឱ្យពួកគេមានឱកាសកាន់តែច្រើនក្នុងការចូលរួមបានពេញលេញក្នុងការអប់រំ ការងារ និងជីវិតក្នុងសហគមន៍។
ការយល់ឃើញដោយឡែកមួយទៀតរបស់កម្ពុជា៖
ជារឿងសំខាន់ណាស់ក្នុងការទទួលស្គាល់ឥទ្ធិពលដ៏សំខាន់នៃកត្តាវប្បធម៌នៅក្នុងបរិបទនៃការយល់ដឹងអំពីអូទីស្សឹមនៅក្នុងប្រទេសកម្ពុជា ។ ការមាក់ងាយទូទៅទាក់ទងនឹងស្ថានភាពសុខភាពផ្លូវចិត្តនៅកម្ពុជាអាចប៉ះពាល់ដល់ការយល់ឃើញ និងការព្យាបាលបុគ្គលអូទីស្សឹម ។ លើសពីនេះ ការពន្យល់អាកប្បកិរិយាមិនប្រក្រតីតាមបែបជំនឿប្រពៃណីអាចមាននៅក្នុងវប្បធម៌កម្ពុជា។
ការលើកកម្ពស់ការយល់ដឹងពីអូទីស្សឹមនៅកម្ពុជា ជាជំហានដ៏សំខាន់មួយដើម្បីធានាថាបុគ្គលអូទីស្សឹម និងក្រុមគ្រួសាររបស់ពួកគេបានទទួលការគាំទ្រ និងធនធានដែលពួកគេត្រូវការ។ តាមរយៈការលើកកម្ពស់ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា ការកាត់បន្ថយការមាក់ងាយ ការពង្រីកលទ្ធភាពទទួលបានសេវា និងការជម្រុញសង្គមបរិយាបន្នកាន់តែច្រើន យើងប្រាកដជាអាចបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់មនុស្សគ្រប់គ្នាដែលមានពិការភាព
ឬអសមត្ថភាពបណ្តាលមកពីអូទីស្សឹមនៅក្នុងប្រទេសកម្ពុជា។
Leave A Comment