ទិដ្ឋភាពក្មេងៗកំពុងលេងអ្វីមួយ គឺជាទិដ្ឋភាពដែលយើងរីករាយចង់មើល។ ក្មេងៗប្រើការស្រមើស្រម៉ៃរបស់ពួកគេដើម្បីបង្កើតជាសាច់រឿង ឬការតំណាលរឿងជាមួយប្លុក តុក្កតា និងកូនឡាន។ រឿងធម្មតាមួយដែលយើងងាយសង្កេត ឃើញក្មេងៗភាគច្រើននៅក្នុងវ័យកំពុងអភិវឌ្ឍន៍លូតលាស់ ពួកគេចូលចិត្តដាក់តម្រៀបរបស់លេងជាជួរៗ។​ កូនឡាន តូចៗដែលបានរៀបចំជាជួរៗយ៉ាងមានសណ្តាប់ធ្នាប់ ការតម្រៀបប្លុកពីលើគ្នាដោយប្រុងប្រយ័ត្ន និងរូបទាហានតូចៗ ជាច្រើនឈរក្បែរគ្នា ដែលការលេងរបៀបនេះពិតជាទាក់ទាញចំណាប់អារម្មណ៍ឱ្យមនុស្សចង់មើលចង់ដឹង។

ទំនាក់ទំនងរវាងការលេង និងការលូតលាស់ផ្នែកយល់ដឹង៖ ខណៈការលេងតម្រៀបជាជួរៗមើលទៅហាក់ដូចជាទង្វើសាមញ្ញ តែអាចផ្តល់នូវតម្រុយសំខាន់អំពីការអភិវឌ្ឍន៍លូតលាស់សមត្ថភាពនៃការគិតរបស់កុមារ។ នៅពេលក្មេងៗ តម្រៀបរបស់លេង ដាក់របស់លេងជាក្រុម និងការរៀបចំវត្ថុអ្វីមួយ មានន័យថាពួកគេកំពុងអនុវត្តជំនាញមូលដ្ឋានដែលមានសារៈសំខាន់ដល់ការយល់ដឹងពីរូបរាង គម្រូ ឬទម្រង់ និងគោលគំនិតគណិតវិទ្យាកម្រិតដំបូង។ កុមារដែលចូលចិត្តលេងតម្រៀបរបស់ជាជួរៗ ហើយមានសណ្តាប់ធ្នាប់ខ្លាំង អាចបង្ហាញពីទំនោរធម្មជាតិចូលចិត្តសណ្តាប់ធ្នាប់ និងការរៀបចំ ដែលអាចរាប់ថាជាជំនាញមានប្រយោជន៍ក្នុងផ្នែកជាច្រើននៃជីវិត។

សម្លឹងមើលអោយលើសពីអូទីស្សឹម៖ លោកអ្នកអាចកត់ចំណាំបានថា ការតម្រៀបរបស់លេងជាជួរៗ មិនមែនឃើញមានតែចំពោះកុមារអូទីស្សឹមប៉ុណ្ណោះទេ។ ទោះបីជាមានការស្រាវជ្រាវបង្ហាញថា កុមារអូទីស្សឹមមានអត្រាទូទៅខ្ពស់ជាងក្នុងការលេងរបៀបនេះក៏ដោយ ក៏នេះមិនមែនជាសញ្ញាអូទីស្សឹមនោះឡើយ។ កុមារជាច្រើនដែលស្ថិតក្នុងវ័យកំពុងលូតលាស់ធម្មតា ក៏ចូលចិត្តរៀបប្រដាប់ប្រដាក្មេងលេងរបស់ពួកគេឱ្យបានស្អាត មានសណ្តាប់ធ្នាប់ ឬតាម លំដាប់លំដោយដែរ នេះក៏ដោយសារតែពួកគេចង់ដឹងចង់ឃើញ ចង់ស្វែងយល់ និងមានអារម្មណ៍រំភើបចំពោះ
សមិទ្ធផលរបស់ពួកគេប៉ុណ្ណោះ។

ស្វែងយល់ពីមូលហេតុ៖ ដូច្នេះ តើមានកត្តាអ្វីខ្លះដែលជម្រុញឱ្យកុមារចូលចិត្តតម្រៀបរបស់លេងរបស់ពួកគេជាជួរៗ?
មានហេតុផលដែលអាចទៅរួចមួយចំនួនដូចជា៖

  • ការបង្កើតអ្វីមួយមានឱ្យមានសណ្តាប់ធ្នាប់៖ ដូចដែលបានរៀបរាប់ពីមុន ការលេងតម្រង់ជួររបៀបនេះអាចនាំមកនូវអារម្មណ៍ដែលមានសណ្តាប់ធ្នាប់ និងការរំពឹងទុកនូវអ្វីដែលអាចកើតឡើង។ ការលេងរបៀបនេះមានភាពទាក់ទាញខ្លាំងណាស់ ជាពិសេសចំពោះកុមារដែលមានតែងតែអារម្មណ៍ល្អ ឬចូលចិត្តអ្វីដែលមានរចនាសម្ព័ន្ធ និងមានទម្លាប់ច្បាស់លាស់។
  • ការស្វែងយល់តាមញាណ៖ ក្មេងៗរីករាយនឹងការស្វែងយល់ពីវាយភាព រូបរាង និងទំហំប្រដាប់ប្រដាលេងរបស់ពួកគេ។ នៅពេលកុមារតម្រៀបរបស់លេងជាជួរៗរបៀបនេះ កុមារអាចប្រៀបធៀប និងមើលថាហេតុអ្វីរបស់ទាំងនេះមាន ភាពខុសគ្នា ដែលការស្វែងយល់របៀបនេះជួយបង្កើនការយល់ដឹងពួកគេអំពីពិភពលោកជុំវិញបានកាន់តែប្រសើរ។
  • ការចាត់ថ្នាក់ និងការរាប់៖ ការរៀបចំរបស់អ្វីមួយដែលមានលក្ខណៈស្រដៀងគ្នាតាមក្រុម ឬថ្នាក់ និងតាមលំដាប់ លេខរៀងជួយជម្រុញនូវការលូតលាស់ផ្នែកស្វែងយល់។ តាមរយៈការតម្រៀបប្រដាប់ប្រដាក្មេងលេង កុមារអនុវត្តការតម្រៀប ការចាត់ថ្នាក់ និងសូម្បីតែការរាប់ក៏ដោយ ក៏សុទ្ធសឹងតែជាមូលដ្ឋានគ្រឹះក្នុងការស្វែងយល់ពីគណិតវិទ្យានាពេនៅថ្ងៃអនាគតផងដែរ។
  • ការលេងបែបស្រមើស្រម៉ៃ៖ ទោះបីការលេងតម្រៀបជាជួរៗមើលទៅជាការលេងដដែលៗ តែវាអាចជម្រុញឱ្យ មានការលេងបែបស្រមើស្រម៉ៃផងដែរ។ ឡានដែលតម្រៀបជាជួរៗអាចជាឡានកំពុងប្រណាំងបន្តកន្ទុយគ្នាលើផ្លូវ ប្លុកដែលតម្រៀបពីលើគ្នាអាចជាការសាងសង់ប្រាសាទដ៏ខ្ពស់មួយ ហើយកូនសត្វតូចៗមួយគូៗអាចជាដៃគូកំពុងរាំ ក្នុងពិធីជប់លៀងដ៏រីករាយមួយក៏អាចថាបាន។

គាំទ្រការលេង កុំដាក់កម្រិត៖ ក្នុងនាមជាមនុស្សពេញវ័យ យើងអាចចូលរួមលេងជាមួយ និងសង្កេតមើលការលេងរបស់កុមារដោយមិនដាក់កម្រិតដល់ពួកគេ។ ប្រសិនបើកុមារមានភាពរីករាយក្នុងការតម្រៀបប្រដាប់ក្មេងលេងរបស់ពួកគេ សូមអនុញ្ញាតឱ្យពួកគេលេងចុះ! ការលេងដដែលៗនេះ ក៏ជាឱកាសសិក្សាស្វែងយល់ដ៏មានតម្លៃរបស់ពួកគេ ផងដែរ។ ជំនួសឱ្យការបញ្ឈប់ពួកគេ លោកអ្នកអាចពិចារណាចូលរួមជាមួយពួកគេដូចជា៖ សួរពីរបៀបដែលពួកគេ
តម្រៀបរបស់លេង បង្កើតរចនាសម្ព័ន្ធបន្ថែមពីលើអ្វីដែលមានស្រាប់ ឬណែនាំប្រដាប់ប្រដាលេងថ្មីៗ ដើម្បីជួយឱ្យការលេងបែបស្រមើស្រម៉ៃរបស់ពួកគេកាន់តែរីកចម្រើន។

សូមចាំថា កុមារទាំងអស់មានរបៀបលេងខុសៗគ្នា ហើយការតម្រៀបរបស់លេង គឺគ្រាន់តែជាផ្នែកស្មុគស្មាញមួយនៃ ការវិវត្តន៍របស់កុមារប៉ុណ្ណោះ។ តាមរយៈការចង់ដឹងចង់ឃើញ និងការស្គាល់អំពីប្រភេទនៃការលេងរបៀបនេះ យើងអាចរៀនបានច្រើនអំពីរបៀបគិតដ៏ពិសេសរបស់កុមារ ក៏ដូចជាផ្តល់ឱកាសឱ្យពួកគេកាន់តែច្រើនក្នុងការរៀន និងស្វែងយល់បន្ថែមទៀត។