នៅក្នុងប្រទេសកម្ពុជា ឪពុកម្តាយ ក៏ដូចជាអ្នកអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់កុមារអូទីស្សឹម ឬជាភាសាបច្ចេកទេសហៅថា Autism Spectrum Disorder (ASD) ខណៈដែលការយល់ដឹង និងធនធានជាជំនួយចំពោះអ្នកមានអូទីស្សឹមនៅមានកម្រិតនៅឡើយ ។ ការយល់ដឹងពីរបៀបជួយកុមារអូទីស្សឹមឱ្យមានប្រសិទ្ធភាព អាចជួយបង្កើនការរៀនសូត្ររបស់ពួកគេ ជួយឱ្យការប្រាស្រ័យទាក់ទងក្នុងសង្គមបានកាន់តែប្រសើរឡើង ក៏ដូចជាជំរុញដល់ការអភិវឌ្ឍន៍ជារួមរបស់ពួកគេផងដែរ។ Blogនេះផ្តល់នូវគន្លឹះជាក់ស្តែងដែលសម្រិតសម្រាំងឡើងសម្រាប់ ជួយដល់គ្រួសារ និងគ្រូបង្រៀនជនជាតិខ្មែរ ក្នុងការបង្កើតបរិយាកាសដែលអនុញ្ញាត្តអោយមានការចូលរួមដល់កុមារ និងផ្តល់ការគាំទ្រដល់ពួកគេបានកាន់តែប្រសើរ។
ស្វែងយល់អំពីអូទីស្សឹមក្នុងបរិបទកម្ពុជា
ប្រជាជនខ្មែរភាគច្រើននៅតែមានការយល់ច្រលំចំពោះអូទីស្សឹម។ ការបង្កើននូវការយល់ដឹង និងស្វែងយល់ គឺជាជំហានដំបូងឆ្ពោះទៅរកការគាំទ្រកាន់តែប្រសើរ។ ការស្គាល់ពីរោគសញ្ញាចម្រុះនៃអូទីស្សឹមជាភាពចាំបាច់មួយសម្រាប់មាតាបិតា និងអ្នកអប់រំ ដែលរោគសញ្ញាទាំងនោះរាប់ចាប់ពីការលំបាកក្នុងទំនាក់ទំនងសង្គម រហូតដល់អាកប្បកិរិយាដដែលៗ។ ការអប់រំខ្លួនអ្នក និងសហគមន៍របស់អ្នកអំពីរោគសញ្ញាទាំងនេះ អាចជំរុញឱ្យមានកាទទួលស្គាល់ពួកគេ កាន់តែទូលំទូលាយ និងជំនួយដល់ការធ្វើរោគវិនិច្ឆ័យជំហានដំបូង។
គន្លឹះសម្រាប់ឪពុកម្តាយ
- បង្កើតទម្លាប់៖ កុមារអូទីស្សឹមតែងតែលូតលាស់ដោយពឹងផ្អែកលើទម្លាប់។ កាលវិភាគទៀងទាត់សម្រាប់ការញ៉ាំអាហារ សាលារៀន និងម៉ោងចូលគេងអាចជួយកាត់បន្ថយការថប់បារម្ភ និងជួយលោកអ្នកសម្គាល់ការវិវឌ្ឍន៍ទៅរកភាពល្អប្រសើរប្រចាំថ្ងៃរបស់កូន។
- សហការជាមួយអ្នកអប់រំ៖ សូមធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ-អ្នកគ្រូរបស់កូនលោកអ្នក ដើម្បីចែករំលែកយុទ្ធសាស្រ្តដែលមានប្រសិទ្ធភាពសម្រាប់ប្រើប្រាស់នៅផ្ទះ និងអាចប្រើប្រាស់បានក្នុងថ្នាក់រៀន។ ការសហការបែបនេះ គឺដើម្បីធានានូវការប្រើប្រាស់វិធីសាស្ត្របានជាប់លាប់ ក៏ដូចជាជួយកូនលោកអ្នកលូតលាស់ក្នុងបរិយាកាសទាំងពីរនេះបានកាន់តែងាយស្រួល។
- បង្កើតបរិយាកាសសិក្សានៅផ្ទះ៖ លើកទឹកចិត្តដល់ការសិក្សានៅផ្ទះដោយបង្កើតនូវកន្លែងស្ងប់ស្ងាត់ និងមានរបៀបរៀបរយដែលជួយដល់សកម្មភាពសិក្សារបស់កូន។ ប្រើរូបភាពជំនួយ និងឧបករណ៍ជំនួយញាណដែលបំពេញតម្រូវការ និងចំណូលចិត្តក្នុងការសិក្សារបស់កូនលោកអ្នក។
គន្លឹះសម្រាប់អ្នកអប់រំ
- ប្រើការប្រាស្រ័យទាក់ទងច្បាស់លាស់ និងជាប់លាប់៖ កុមារអូទីស្សឹមអាចជួបការលំបាកក្នុងការយល់ដឹងភាសាស្មុគស្មាញ។ សូមប្រើភាសាសាមញ្ញ ច្បាស់លាស់ និងដដែលៗក្នុងការណែនាំ ឬបង្រៀនដល់កូនលោកអ្នក។ ជំនួយតាមរយៈការមើលឃើញ ដូចជារូបភាព និងសញ្ញាក៏អាចមានប្រសិទ្ធភាពខ្ពស់ផងដែរ។
- បញ្ចូលសកម្មភាពសិក្សា ឬលេងតាមញាណ៖ កុមារអូទីស្សឹមជាច្រើនមានបញ្ហាជាមួយនឹងបទពិសោធន៍ ផ្នែកញាណ។ ការបញ្ចូលការលេងតាមញាណទៅក្នុងការសិក្សាអាចជួយគ្រប់គ្រងអារម្មណ៍ និងបង្កើនការអភិវឌ្ឍន៍ការគិត និងហេតុផល សកម្មភាពដូចជាការលេងខ្សាច់ ឬទឹក ឬការប្រើប្រដាប់ប្រដាលេងតាមញាណ អាចជាបញ្ចូលជាផ្នែកមួយក្នុងទម្លាប់ប្រចាំថ្ងៃរបស់សាលា។
- ជំរុញឱ្យមានថ្នាក់រៀនលក្ខណៈបរិយាបន្ន៖ លើកកម្ពស់បរិយាកាសអប់រំបរិយាបន្ន និងការអប់រំសិស្សផ្សេងទៀតអំពីអូទីស្សឹម។ លើកទឹកចិត្តឱ្យមានការយល់ចិត្ត និងការយោគយល់ក្នុងចំណោមមិត្តភក្ដិ ដែលអាចនាំទៅរក
មិត្តភាពពោរពេញដោយការគាំទ្រ និងវប្បធម៌ថ្នាក់រៀនដែលគ្មានការរើសអើងកាន់តែច្រើន។
សេចក្តីសន្និដ្ឋាន
ការផ្តល់ការគាំទ្រដល់កុមារអូទីស្សឹមទាមទារការអត់ធ្មត់ ការយល់ដឹង និងវិធីសាស្រ្តសកម្មពីសំណាក់ឪពុកម្តាយ
ក៏ដូចជាអ្នកអប់រំ។ លោកអ្នកអាចជួយកុមារអូទីស្សឹមបានកាន់តែប្រសើរ តាមរយៈការបង្កើតការប្រាស្រ័យទាក់ទង
ដ៏រឹងមាំមួយរវាងផ្ទះ និងសាលារៀន បង្កើតបរិយាកាសដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងការប្រើប្រាស់ការប្រាស្រ័យទាក់ទង និងយុទ្ធសាស្រ្តបង្រៀនជាក់លាក់។ គ្រប់ជំហានក្នុងការជួយគាំទ្រពួកគាត់ទៅរកភាពល្អប្រសើរ មិនត្រឹមតែ ជួយដល់កុមារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការកសាងបរិយាបន្នសង្គមកាន់តែទូលំទូលាយ។
Leave A Comment